ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់អាវភ្លៀវចំនួន ១ម៉ឺនឈុត ដល់មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាសម្រួលចរាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួលចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។
បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ចំពោះហេតុការណ៍ ដែលបានកើតឡើង ស្វែងរកសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការសន្និដ្ឋានរកមូលហេតុបង្កឱ្យបានច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធានការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។
ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមន្រ្តីជាប់កិច្ចសន្យាចំណុះការិយាល័យនគរបាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការនឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀងក្តី ជួយសម្រួលការកកស្ទះចរាចរណ៍ ព្រមទាំងជួយការពារក្បួនថ្នាក់ដឹកនាំផ្សេងៗ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួន មានស្ថានភាពចរាចរណ៍និងមានរបៀបរៀបរយសណ្តាប់សាធារណៈល្អ កន្លងទៅ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ឱ្យដឹងថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ខាងមុខនេះ រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបាលចរាចរណ៍ ៣០នាក់ក្នុងមួយឆ្នាំដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យាដោយផ្អែកលើកម្ពស់បុរស១ម៉ែត្រ៧០សង់ទីម៉ែត្រឡើង និងនារី១ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង និងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេ។ ការជ្រើសរើសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់។
បន្ថែមលើការផ្តល់អាវភ្លៀង ឯកឧត្តមអភិសន្តិបណ្ឌិត បានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធីចំនួន៣០០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា២០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ។
បញ្ហាប្រឈមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមានកម្រិតខ្ពស់។ ឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ៥២០លើកថយចុះ ១៤លើក ស្មើនឹងមួយភាគរយ ក្នុងនោះ ចំនួនអ្នកស្លាប់មាន ៧៩៣នាក់ បានកើនឡើង ៣៧នាក់ ស្មើ៥ភាគរយ អ្នករបួសចំនួន២ ១១៦នាក់ កើនឡើង ៤៤នាក់ ស្មើ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មី និងដាក់ចេញវិធានការជាច្រើន ដើម្បីតម្រង់ទិសដល់ការរឹតបន្តឹងការអនុវត្តច្បាប់កាន់តែមានតម្លាភាព និងស័ក្តិសិទ្ធិភាព៕ប្រភពអត្ថបទ ក្រសួងមហាផ្ទៃ
No comments:
Post a Comment