ស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ បានរៀបចំវេទិកាសាធារណៈរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ជាមួយនឹងថ្នាក់ដឹកនាំមូលដ្ឋានឃុំចំនួន៥ រួមមានឃុំព្រះពន្លា ឃុំសំយ៉ោង ឃុំព្រៃធំ ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង។ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកា រួមមាន ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ និងឯកឧត្តម ឯក ក្រឹត្យ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក។
បានអញ្ជើញចូលរួមជាភ្ញៀវកត្តិយសក្នុងវេទិកានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ទាំង៥។
បានអញ្ជើញចូលរួមជា សមាជិក សមាជិកា នេះរួមមាន លោក លោកស្រី ក្រុមការងារចុះតាមបណ្ដាឃុំទាំង៥ លោក លោកស្រីមេឃុំ ទាំង៥ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំ លោក លោកស្រី ប្រធានមណ្ឌលសុខភាព លោក លោកស្រី នាយកសាលា និងគណៈកម្មការ អាចារ្យវត្ត ក្នុងឃុំទាំង៥ វត្តមានចូលរួមសរុប ១៨០នាក់ ស្រី ៣៨នាក់។
នៅក្នុងពិធីនោះ លោក សុច ពិសី អភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ បានជម្រាបជូនអំពីគោលបំណងនៃការរៀបចំវេទិកាសាធារណៈនេះឡើងដើម្បី
សម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតទៅលើសំខាន់ចំនួន ៣ គឺ៖
-លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល (តាមរយៈតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ) ជាមួយនឹងថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋាន(មេឃុំ ក្រុមប្រឹក្សា ប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ) ដើម្បីស្វែងយល់អំពីជីវភាពរស់នៅស្តាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម នានានៅតាមមូលដ្ឋាន។
-ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនដល់ ថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋានបានជ្រាប និងស្វែងរកការគាំទ្រ និងការចូលរួមអនុវត្ត។
-ដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់អំពីវិធានការ ដោះស្រាយឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ជាលទ្ធផលនៃការរៀបចំវេទិកា ប្រមូលបាននូវ បញ្ហាប្រឈម និងសំណូមពរ មួយចំនួនដែលបានលើកឡើងពាក់ព័ន្ធនឹងការរំលោភយកដីបឹង ព្រែក ការស្នើសុំអគារសិក្សាសាលាបឋមសិក្សា និងការស្នើសុំបង្គោលភ្លើង និងត្រង់ស្វូភ្លើង ដើម្បីបង្កើនកំលាំងឋាមពលអគ្គីសនីសម្រាប់ប្រើប្រាស់។
បន្ទាប់ពីទទួលបាននូវសំណូមពររួចមក ក្រុមការងារបានទទួលយកនូវសំណូមពរ និងខិតខំដោះស្រាយទៅតាមជំនាញ និងវិស័យ រៀងៗខ្លួន។
No comments:
Post a Comment