(ពោធិ៍សាត់)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ឱ្យនាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារ មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភគាំទ្រដល់បេសកកម្មរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
ពិធីប្រគល់ទទួលសម្ភារខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត និងប្រតិភូក្រសួងមហាផ្ទៃមួយចំនួនទៀត។
គ្រឿងឧបភោគ បរិភោគ និងសម្ភារ ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អង្ករ៧តោន ត្រីខ៤០កេសធំ មី៣៥កេសធំ អាវភ្លៀង១០០កំប្លេរ និងតង់ធំ១ គិតជាទឹកប្រាក់សរុប ៤០លានរៀល។
គួរជម្រាបជូនថា គិតចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ គឺមានរយៈពេល ៧ថ្ងៃ ៨យប់ហើយ ដែលឧទ្ធម្ភាគចក្រ មួយគ្រឿង ម៉ាក Z9 លេខ MH912 បានបាត់ដំណឹងសូន្យឈឹង ហើយកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ បាននឹងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កន្លងទៅក្រសួងការពារជាតិ បានប្រកាសជូនដំណឹងដល់សាធារណៈជន អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលជាច្រើនថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ។
ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួម ពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់បង់បន្តទៀត។ ព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ តាមរយៈកងទ័ពជើងអាកាស បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា គឺជាជើងហោះហើរ ដឹកនាំដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។
តាមរយៈលិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ - ថ្មដា - ពោធិ៍សាត់ - ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយ ឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។
ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ពីមូលហេតុឡើយ។
សូមរំលឹកថា មកទល់នឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ សមត្ថកិច្ច អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងចេញកម្លាំងជាច្រើន ក្នុងការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដោយមានការសន្និដ្ឋានជាបណ្តោះអាសន្នថា ឧទ្ធម្ភាគចក្រនេះ អាចនឹងបាត់ការទាក់ទងត្រឹមជើងភ្នំខ្មោច ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ សូមឱ្យពួកគាត់ ប្រកបដោយសុវត្ថិភាព! ទោះជាតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានខិតខំ ទាំងភ្លៀង ទាំងអព្វធ្លាក់ចុះ៕
No comments:
Post a Comment