(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្តល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀនក្នុងខេត្ត។
ការជំរុញបែបរបស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យគ្រឿងញៀន និងពង្រឹងការចុះពិនិត្យរដ្ឋបាលនៅតាមទីតាំងដែលងាយរងគ្រោះ ក្នុងខេត្តស្វាយរៀង នាសាលប្រជុំសាលាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបន្តថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុងស្រុក ត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាព ជំនាញ ចុះពិនិត្យរដ្ឋបាល និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម រួមមាន ក្លឹបកម្សាន្ត ខារាអូខេ រង្គសាល ហាងម៉ាស្សាស្លីម បៀហ្គាឌែន ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល សណ្ឋាគារ កាស៊ីណូ សហការចូលរួមផ្សព្វផ្សាយអប់រំខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមដានត្រួតពិនិត្យ ឃ្លាំមើល ឆែកឆេរស្រាវជ្រាវ បង្ក្រាបការចែកចាយ ប្រើប្រាស់ ជួញដូរគ្រឿងញៀន និងអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជន ដែលលួចលាក់ផលិតកែច្នៃ ចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឲ្យទទួល បានលទ្ធផលល្អប្រសើរ ឈានទៅកាត់បន្ថយ លុបបំបាត់ឲ្យបាននូវបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។
លោកបានផ្តាំផ្ញើគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនលំដាប់ថ្នាក់ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំង តែខ្លាំងក្លាថែមទៀត នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ តាមរយៈការបន្តដំអនុវត្តវិធានការទាំង៥ ឲ្យបានម៉ឺងម៉ាត់បំផុត។ បន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម ផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ ចលនាឲ្យមានការចូលរួមគាំទ្រពីគ្រប់សមាសភាព នៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ ផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បានជំរុញ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនពង្រឹង និងយកចិត្តទុកដាក់ ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបរាត្រី ខារ៉ាអូខេ នឹងតំបន់ដែលមានលក្ខណៈស្មុគស្មាញ ព្រមទាំងជំរុញល្បឿន នៃការចុះកិច្ចសន្យាជាមួយ ម្ចាស់អាជីវកម្មទាំងអស់នោះគ្រប់មូលដ្ឋាន។
បន្ថែមលើសពីនេះ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអនុវត្តច្បាប់ឲ្យ បានម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួន ឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពនៃបទល្មើសគ្រឿងញៀន ហើយមិនត្រូវអត់ឱន ឬយោគយល់ចំពោះបុគ្គលណាដែលមានការពាក់ព័ន្ធនោះឡើយ។
គ្រប់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនត្រូវពង្រឹងយន្តការ គ្រប់គ្រង ចុះល្បាតត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបានតឹងរ៉ឹងបំផុត។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្ថយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុក មកស្នាក់នៅបណ្តោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាប ឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង៕
No comments:
Post a Comment