ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលថ្មី ឯកឧត្តម ប៉េង ពោធិ៍នា ណែនាំឱ្យលោកប្រធានមន្ទីរថ្មីប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរចំពោះលោក បូរី វង្សសានិត្យ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នាពេលនេះ និងណែនាំឱ្យលោកប្រធានមន្ទីរថ្មីប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។
ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លើការសម្រួលភារកិច្ច លោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និង លោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរទៅកាន់មន្ទីរខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលកន្លងមកលោកបានដឹកនាំ និងគ្រប់គ្រងមន្ទីរប្រព្រឹត្តទៅដោយភាពរលូន និង សម្រេចសមិទ្ធផលជាច្រើនជូនខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពរីកចម្រើនគួរជាទីមោទនៈ ទាំងទៅលើការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការធានាការផ្តល់សេវាសាធារណៈជូនសាធារណជន និងការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច។
គួរបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ ទាំងទៅលើការងារគ្រប់គ្រងទូទៅ ការងារសាងសង់ គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕
No comments:
Post a Comment