ខេត្តបាត់ដំបង៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ។
ប្រជាពលរដ្ឋចំនួន១៥០គ្រួសារដែលទទួលបានអំណោយនាឱកាសនោះ អញ្ជើញមកពីឃុំចំនួន៤ នៃស្រុកសំឡូត ខេត្តបាត់ដំបង អំណោយដែលបានផ្ដល់ជូន រួមមាន៖ អង្ករចំនួន១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវទឹកត្រី១យួរ ទឹកសុទ្ធ២យួរ និងកន្សែងពោះគោ១។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ នៃស្រុកសំឡូត ដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព។
សម្តេចក្រឡាហោម ស ខេង ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានផ្តាំផ្ញើក្រើនរំលឹកឲ្យប្រជាពលរដ្ឋយើងខិតខំបង្កបង្កើនផល អប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងបន្តជឿជាក់លើការដឹកនាំ និងការអភិវឌ្ឍ ព្រមទាំងការរួមសុខទុក្ខរបស់រាជរដ្ឋាភិបាលអណត្តិថ្មីដែលមានថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយបញ្ញាញាណ ថាមពល ក្នុងស្មារតីស្នេហាជាតិស្នេហាប្រជាជនខ្ពស់បំផុត៕
No comments:
Post a Comment