(បន្ទាយមានជ័យ): នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី តួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរងផ្នែកសេនាធិការ នាយផ្នែកនគរបាលក្រុង ស្រុកទាំង០៩ និងសិក្ខាកាមចំនួន ៤០នាក់ ស្រី ០៥នាក់ ។
លោកវរសេនីយ៍ឯក ឈឿង សម្បត្តិ នាយការិយាល័យកិច្ចការប៉ុស្តិ៍ បានឲ្យដឹងថា៖ ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពីតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ ។ក្នុងរយៈពេល០១ថ្ងៃ ដើម្បីបង្ហាត់បង្រៀនបន្តដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ កម្លាំងប្រជាការពារដែលកំពុងបំពេញភារកិច្ចតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ជាការឆ្លើយតបនឹងសេចក្តីណែនាំលេខ០៣៧ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងចលនាប្រជាការពារ ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានឲ្យដឹងថា: យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់អគ្គស្នងការរនគរបាលជាតិ ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចនិងសិទ្ធិរបស់ប្រជាការពារដល់គ្រូបង្គោលតាមមកពីអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កងកម្លាំងនគរបាលយើងពីសំណាក់កម្លាំងប្រជាការពារដែលជាកម្លាំងមួយយ៉ាងសំខាន់សំរាប់ទ្រទ្រង់សភាពការណ៍នៅតាមបណ្តាឃុំ សង្កាត់ របស់យើង ។លោកឧត្តមសេនីយ៍ទោស្នងការមានប្រសាសន៍ថ្វីត្បិតតែវគ្គសិក្សានេះមានរយៈពេលខ្លីក៏ពិតមែន ស្នើសុំឲ្យអស់លោក លោកស្រីទាំងអស់ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ត្រូវធ្វើការងារដោយផ្ទាល់ជាមួយប្រជាការពារនៅថ្នាក់មូលដ្ឋាន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ហើយឲ្យចំទិសដៅដែលថ្នាក់ដឹកនាំបានកំណត់ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
No comments:
Post a Comment