ឯកឧត្តម ឃួង ស្រេង៖ រាជធានីភ្នំពេញ ជាទីរាជធានីមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម ឃួង ស្រេង៖ រាជធានីភ្នំពេញ ជាទីរាជធានីមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត

 


ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ ជាទីរាជធានីមួយ កំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុង នៃប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភ័ណ្ឌជាដើម។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងបែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយក នៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងយ៉ាងដូច្នេះថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារឲ្យមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបីអ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញ មួយចំនួនហើយក្តី។ រាជធានីភ្នំពេញ ចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហ៍កម្មធុនធ្ងន់ ក៏ដូចជាវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ ក៏ដូចជាការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានស្នើសូមឲ្យលោក សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមឲ្យជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុននៅខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ី នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ រោងចក្រវាយនភ័ណ្ឌមួយចំនួនរបស់ចិន ភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប លោកចង់ឲ្យមានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដង ដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។
ក្នុងឱកាសនោះដែរ លោក សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើន នៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅ ប្រមាណ១២០លាននាក់។ សហគ្រាសខ្នាតធំៗ មាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុង ក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងធ្វើការផ្សព្វផ្សាយទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដោយកម្ពុជា និងចិន ជាមិត្តដែកថែប និងជាមិត្តចាស់។
បន្ថែមពីនេះ លោក សុង ហ្វូឡុង ក៏បានស្នើអញ្ជើញឯកឧត្តម ឃួង ស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច នៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិន នៅខេត្តក្វាងទុង ដើម្បីពិភាក្សា ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគទុន មកវិនិយោគទុនរកស៊ី នៅរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ៕





No comments:

Post a Comment

Pages