(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងពិភាក្សាលើប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានភាពកាន់តែល្អប្រសើររួមចំណែកលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័នជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីវិស័យឯកជន រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូនជាច្រើនរូបទៀត។
ថ្លែងបើកកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រព័ន្ធភស្តុភារកម្មជាចំណែកដ៏សំខាន់សម្រាប់លើកកម្ពស់ការធ្វើធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែង ហើយត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្នុងកិច្ចប្រជុំនេះ បានលើកបង្ហាញ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣»។ ផែនការមេនេះ បានបង្ហាញថា ដើម្បីប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាមានភាពល្អប្រសើរ តម្រូវការវិនិយោគលើប្រព័ន្ធភស្តុភារកម្មប្រមាណ ១៧៤គម្រោង ហើយត្រូវការទុនវិនិយោគ ៣៦.៦ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧។ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា។
ភស្តុភារកម្ម សំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំបែបបទ ការចាត់ចែង ការសម្របសម្រួល និងការអភិវឌ្ឍធាតុសំខាន់ចំនួន៦រួមមាន៖
១៖ ប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញចូល និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
២៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវ សមុទ្រ ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ។
៣៖ សមត្ថភាពនិងគុណភាពនៃស្ថាប័នផ្តល់សេវាភស្ដុភារកម្ម មានជាអាទិ៍ ស្ថាប័ន ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ ការទុកដាក់ ការចែកចាយ និងការឆ្លងកាត់ទំនិញ។
៤៖ ការផ្តល់សេវាភស្ដុភារកម្មទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត។
៥៖ ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញប្រកបដោយតម្លៃប្រកួតប្រជែងទៅទីផ្សារអន្តរជាតិ។
៦៖ ប្រព័ន្ធព័ត៌មានតាមដានរំហូរនៃការដឹកជញ្ជូនទំនិញនិងអ្នកដំណើរ។
ក្រុមប្រឹក្សាជាតិភស្តុភារកម្ម មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
* ផ្ដល់គោលការណ៍ណែនាំ ក្នុងការរៀបចំគោលនយោបាយ
* យុទ្ធសាស្ត ផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ប្រតិបត្តិ និង អភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា
* សម្របសម្រួល និងត្រួតពិនិត្យចុងក្រោយ នូវយុទ្ធសាស្ត្រផែនការមេ ផែនការ សកម្មភាព និងលិខិតបទដ្ឋានគតិយុត្តវិស័យភស្តុភារកម្ម មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច
* កំណត់អាទិភាពការអភិវឌ្ឍវិស័យភស្តុភារកម្ម រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង
* កៀរគរការគាំទ្រធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្ស ដែលជា តម្រូវការចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្ដុភារកម្ម ត្រួតពិនិត្យការអនុវត្តការងារ និងផ្ដល់អនុសាសន៍ណែនាំ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងវិស័យភស្តុភារកម្ម
* ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន៕
No comments:
Post a Comment