ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដើម្បីធានាដល់ការផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋក្នុងអំឡុងយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌


បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ប្រមាណ ១៨០ រូប ដើម្បីបញ្ជាក់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ 

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូននៅក្នុងកិច្ចប្រជុំនេះអំពីតួនាទីរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌នៅក្នុងយុទ្ធនាការទាំង ២ របស់ក្រសួង ដែលនឹងត្រូវចូលរួមជួយការពារក្តីជូនប្រជាពលរដ្ឋដែលបានស្នើសុំជំនួយមេធាវីតាមរយៈយុទ្ធនាការទាំង ២ នេះផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

 ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។

ជាមួយគ្នានេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវការអរគុណចំពោះការសម្តែងនូវឆន្ទៈរបស់ក្រុមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ ដែលត្រូវបានប្រកាសដាក់ចេញដោយក្រសួងយុត្តិធម៌ តាមរយៈការស្ម័គ្រចិត្តជួយការពារក្តីជូនប្រជាពលរដ្ឋ ជាពិសេស ការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

 បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមេធាវីទីប្រឹក្សាទាំងអស់ផងដែរថា ការជួយដល់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់។

សូមបញ្ជាក់ជូនផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការនឹងធ្វើការផ្សព្វផ្សាយនូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ដែលស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តយុទ្ធនាការទាំង ២ នេះ ជូនដល់សាធារណជន នាពេលឆាប់ៗខាងមុខនេះ។

No comments:

Post a Comment

Pages