(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសថៃ និងចិននឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤
កាលពីខែកញ្ញា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ បានលើកលែងលក្ខខណ្ឌតម្រូវចូលប្រទេស សម្រាប់ភ្ញៀវទេសចរចិនរហូតដល់ខែកុម្ភៈឆ្នាំនេះ។
លោក Thavisin បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «វិធានការនេះនឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង»។
ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈការលើកលែងគ្នាទៅវិញទៅមកពីតម្រូវការទិដ្ឋាការ។ អ្នកនាំពាក្យក្រសួងការបទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ខ្លួនយ៉ាងដូច្នេះថា « អាជ្ញាធរមានសមត្ថកិច្ចនៃភាគីទាំងពីរ កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយទន្ទឹងរង់ចាំការអនុវត្តអ្វីដែលពាក់ព័ន្ធ»។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់ ដោយលើសពីគោលដៅរបស់ខ្លួនបន្តិច និងបានបង្កើតប្រាក់ចំណូលបាន ១.២ពាន់ពាន់លានបាត ឬស្មើប្រមាណ ៣៤.៩៣ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមប្រទេសទាំងនេះ ម៉ាឡេស៊ីគឺជាទីផ្សារធំជាងគេបំផុត ដែលមានភ្ញៀវទេសចរចំនួន ៤.៥លាននាក់ បន្ទាប់មកគឺប្រទេសចិនដែលមាន ៣.៥លាននាក់។ មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថៃបានទទួលភ្ញៀវទេសចរប្រមាណ ៣៩លាននាក់ ដោយក្នុងនោះចិនមានរហូតដល់ ១១លាននាក់៕
No comments:
Post a Comment