ភ្នំពេញោះ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើដល់មិត្តចិន ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី សូមពិនិត្យលទ្ធភាពក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននិងនៅតាមតំបន់ជនបទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃសហគមន៍ជោគវាសនាតែមួយ។
ការស្នើសុំនេះខណៈឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣។
នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈទៅវិញទៅមកនៃសភាប្រជាជនចិន ក៏ដូចជាសភាប្រជាជនខេត្តក្វាងស៊ី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមហាមិត្តចិនជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែលរដ្ឋាភិបាលនិងប្រជាជនចិនសម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងយ៉ាងឆាប់រហ័ស។
ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ីនាពេលនេះ និងថា ចិននិងកម្ពុជា ជាបងប្អូនដ៏ល្អ និងជាមិត្តដែកថែប។ កន្លងមកថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ចិន កម្ពុជាបានជំរុញលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាក្នុងការជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។
ឯកឧត្តម FANG Chunming ក៏បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រវាងចិន និងកម្ពុជា ដែលមានការរីចម្រើនឡើងជាលំដាប់ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យសុខាភិបាល រវាងចិន និងកម្ពុជា ជាពិសេសរវាងកម្ពុជា ជាមួយខេត្តក្វាងស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរចិន កម្ពុជា ដែលផ្ដោតលើវិស័យវប្បធម៌និងការអប់រំជាដើម។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ី បន្ថែមថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាប្រជាជនចិនទូទាំងប្រទេស ក៏ដូចជាមួយសភាប្រជាជនខេត្តក្វាងស៊ីដោយផ្ទាល់ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឲ្យកាន់តែប្រសើរឡើង និងស្ថិតស្ថេរយូរអង្វែងតទៅទៀត។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆានិងអង្ករ ពីព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធគ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភាកម្មជាមួយអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើដល់មិត្តចិន ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី សូមពិនិត្យលទ្ធភាពក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននិងនៅតាមតំបន់ជនបទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃសហគមន៍ជោគវាសនាតែមួយ។
ជាចុងបញ្ចប់ ឯកឧត្តម FANG Chunming បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់នាពេលនេះ ហើយ ឯកឧត្តម ក៏បានសូមគោរពអញ្ជើញ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខ៕ ផ្សាយដោយ៖ ដារ៉ា, អត្ថបទ ៖ ប៊ុនរិទ្ធ
No comments:
Post a Comment